Yosrachea
Quick Facts
Biography
ចៅពញាយសរាជា (១៤៩៤-១៥២៧)ព្រះអង្គគឺជាបុត្រារបស់ព្រះបាទឝ្រីឝៅគន្ធបទ និង អ្នកព្រះម្នាងកេសរបុប្ផា ហើយត្រូវជាព្រះភគិនេយ្យោ ព្រះបាទចន្ទរាជា និង ព្រះស្រីជេដ្ឋា។
ប្រវត្តិ និង ព្រឹត្តិការណ៍
ការប្រសូត
អ្នកព្រះស្នំឯក មានព្រះរាជបុត្រាមួយព្រះអង្គទ្រង់ព្រះនាមចៅពញាយសរាជា ជាព្រះរាជឱរសាធិរាជនៃព្រះបរមបពិត្រ អ្នកជាម្ចាស់ជីវិតលើត្បូង ព្រះបាទឝ្រីឝៅគន្ធបទ។
ព្រះបិតាសោយទិវង្គត
ក្រោយពីស្ដេចកនបានរួចរស់ជីវិតមក ទ្រង់បានដឹកនាំទ័ពប្រឆាំងនឹងព្រះរាជាវិញ។ ចំបាំងនៅបន្ទាយលង្វែក កាលណោះ មេទ័ពដែលព្រះស្ដេចកនឲ្យទៅវាយបន្ទាយលង្វែកនោះបានលើកទៅចោមវាយមួយថ្ងៃហើយ តែមិនទាន់ជាបានការយ៉ាងណានៅឡើយ។ ឯមេទ័ពដែលទៅខាងផ្លូវទន្លេធំនោះ លុះទៅដល់ខែត្រកំពង់សៀម ហើយក៏បោះបន្ទាយបញ្ឈប់ទ័ពចាំស្ដាប់កិច្ចកលចៅហ្វាយស្រុកនានា។ ចៅហ្វាយស្រុកខែត្រកំពង់សៀម ស្ទឹងត្រែង ដឹងថាមេទ័ពខាងព្រះស្ដេចកនលើកទ័ពចូលមកដល់ខែត្ររបស់ខ្លួនហើយ ក៏កេណ្ឌទ័ពបំរុងទុកចាំទទួលច្បាំងហើយក៏បកសំបុត្រប្ដឹងទៅសេនាបតីគ្រប់ប្រការ។ សេនាបតីយកសេចក្ដីក្រាបបង្គំទូលតាមដំណើរ។ ព្រះបរមបពិត្រទ្រង់ជ្រាបគ្រប់ប្រការហើយទ្រង់ត្រាស់ថា: ខាងនេះមានកងទ័ពចូលមកចោមរោមខាងនោះក៏មានកងទ័ពទៅចោមដែរ។ បើដូច្នេះយើងនឹងចែកកងទ័ពឲ្យទៅជួយខ្លះកាលណាឡើយទ័ពយើងនឹងទ្រាំនឹងទ័ពសត្រូវបាន។ ព្រះបរមបពិត្រទ្រង់ត្រាស់តទៅទៀតថា: ពីដើមឡើយសង្ឃឹមសម្ដេចព្រះអនុជចន្ទរាជា ឥឡូវសម្ដេចព្រះអនុជចាញ់ឧបាយកលសត្រូវរត់ទៅក្រុងទេពបាត់ទៅហើយ។ នៅឡើយសង្ឃឹមតែចៅពញាយសរាជា ដែលឧកញ៉ាយមរាជយកទៅរក្សាតែបុត្រាក៏ទើបតែនឹងបានព្រះជន្មបួនប្រាំខួបប៉ុណ្ណោះនឹងរំពឹងលើអ្នកណាក៏ពុំបានទើបទ្រង់ត្រាស់ប្រើ ចៅពញាក្រឡាហោមឲ្យឃុំពលដែលទើបនឹងមកដល់ថ្មីនោះ ១០០០០ នាក់ឲ្យលើកឆ្លងទៅជួយខែត្រខាងកើត។ ចៅពញាក្រឡាហោម បានទទួលរាជបញ្ជាហើយ ក៏ថ្វាយបង្គំ ឃុំពល ១០០០០ នាក់នោះ លើកឆ្លងទៅតាមព្រះរាជបញ្ជា។ ព្រះបរមបពិត្រស្ដេចទុកទាហានឲ្យនៅរក្សាបន្ទាយលង្វែកតែពល ២៥០០០ នាក់ប៉ុណ្ណោះ។ មេទ័ពដែលព្រះស្ដេចកនឲ្យលើកទៅចោមទ័ពហ្លួងនៅបន្ទាយលង្វែកនោះ កាលដឹងថាបន្ទាយនោះធ្វើមាំមួនណាស់ ប៉ុន្តែកងទ័ពដែលនៅរក្សាបន្ទាយនោះមានតែ ២៥០០០ នាក់ទេក៏មានសំបុត្របកមកសុំកងទ័ពពីបន្ទាយចតុម្មុខបាន ១០០០០ នាក់ទៀតជា ៥០០០០ នាក់ព្រមដោយគ្រឿងសស្ត្រាវុធផង។ កាលបានទ័ពហើយមេទ័ពខាងព្រះស្ដេចកន ក៏លើកទៅចោមបន្ទាយលង្វែកច្បាំងបាញ់គ្នាអស់ ៤ យប់ ៤ ថ្ងៃ ពុំឈប់ឈរសោះ។ វាយផ្លាស់គ្នាចូលចោមជាមាំមួនណាស់។ កងទ័ពហ្លួង ដែលមានរេហ៍ពលតិចក្រឡេកមើលទៅខាងកងទ័ពសត្រូវ ដែលផ្លាស់គ្នាដូចជាគេមានកងទ័ពថែមមកទៀតព្រះអង្គក៏យល់ថានឹងទ្រាំទៅទៀតពុំបានឡើយទើបទ្រង់ថយទ័ពទៅតាំងនៅខេត្តអម្រាគគិរិន្តបូណ៌ (គឺស្រុកបរិបូណ៌សព្វថ្ងៃនេះ)។ ទ្រង់ឲ្យបន្ថយគ្រប់គ្រួទៅនៅសំរោងសែន ក្នុងខែត្រសន្ទុកអស់។ មេទ័ពព្រះស្ដេចកន ក៏លើកទ័ពដេញតាមទៅ។ ចំណែកចៅពញាក្រឡាហោម ជាមេទ័ពហ្លួងដែលហ្លួងបង្គាប់ឲ្យលើកឆ្លងទៅជួយខែត្រខាងកើតនោះ លុះដល់ពាក់កណ្ដាលផ្លូវ ដឹងថាទ័ពហ្លួង បែកនឹងទ័ពសត្រូវហើយ ក៏លើកកងទ័ពត្រឡប់មកវាយទ័ពសត្រូវពីខាងក្រោយវិញ។ ឯសត្រូវ ក៏រាយទ័ពវាយត្រឡប់មក ប្រកាប់គ្នាយ៉ាងក្លាហាននឹងទ័ពចៅពញាក្រឡាហោមជាមេទ័ពហ្លួង។ ទ័ពសត្រូវនៅក្នុងចំណោមរេហ៍ពលហ្លួង ដែលវាយផ្ទប់ទាំងសងខាង ក៏ស្លុតស្លាប់ជាច្រើនពាន់ប្លាយ អន្តរាយបែកទ័ព រត់ត្រឡប់ចូលមកភ្នំពេញវិញ។ ឯសម្ដេចព្រះបរមបពិត្រ (មហាក្សត្រខ្មែរ) ស្ដេចត្រាស់ឲ្យចៅពញាសួគ៌ាលោក (ចៅហ្វាយស្រុកខែត្រពោធិ៍សាត់) ជាមេទ័ពឃុំពល ១០០០០ នាក់ទៅឈររក្សាខែត្ររលាប្អៀ ឲ្យចៅពញាយមរាជជាបិតាលៀង (ឪពុកចិញ្ចឹម) របស់ចៅពញាយសរាជានាំពល ៥០០០ នាក់ ទៅវាយយកខែត្រខាងកើតឲ្យបានមកវិញ។ លុះចាត់ការរួចហើយ សម្ដេចព្រះបរមបពិត្រ លើកទ័ពទៅប្រជុំនៅខែត្រអាសន្ទុក។ ចៅពញាយមរាជបានទទួលព្រះរាជបញ្ជាហើយ ក៏ចាត់ចែងកងទ័ពជាប៉ែកមុខប៉ែកក្រោយ ប៉ែកឆ្វេង ប៉ែកស្ដាំ ហើយលើកទ័ពចេញទៅ។ លុះទៅដល់ខែត្របារាយណ៍ ចៅពញាយមរាជក៏បានជួបនឹងទ័ពខាងមេទ័ពព្រះស្ដេចកន ហើយបានច្បាំងគ្នាជាកោលាហលយ៉ាងខ្លាំង។ ក្រោយដែលបានច្បាំងគ្នាជាច្រើនយប់ច្រើនថ្ងៃមក ទ័ពខាងចៅពញាយមរាជមានកំលាំងជាងខាងមេទ័ពព្រះស្ដេចកន ដូច្នេះចៅពញាយមរាជក៏បញ្ជាឲ្យទ័ពដេញមេទ័ពស្ដេចកនរហូតទៅ ហើយយកបានខែត្របារាយណ៍ ជើងព្រៃ កំពង់សៀម ស្ទឹងត្រង់រួចចាត់មន្ត្រីឲ្យនៅរក្សាខែត្រទាំងនោះយ៉ាងមាំមួន។ តមក ចៅពញាយមរាជក៏លើកទ័ពទៅក្រាបបង្គំទូលព្រះបរមបពិត្រនៅខែត្រអាសន្ទុកថាបានវាយឈ្នះ ហើយយកបានខែត្រទាំងនេះតាមកិច្ចរាជការហើយសូមទ្រង់ជ្រាបគ្រប់ប្រការ។ សម្ដេចព្រះបរមបពិត្រស្ដេចទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ព្រះអណរណាស់។ ស្ដេចកនតាំងពីវាយយកបានបន្ទាយភ្នំពេញមក ក៏ចាត់មេទ័ពឲ្យនៅរក្សាបន្ទាយនោះយ៉ាងមាំមួន តែខ្លួនព្រះស្ដេចកនត្រឡប់ទៅគ្រប់គ្រងស្រុកបាសានវិញ។ តមកព្រះស្ដេចកនក៏តាំងតែឲ្យកេណ្ឌទ័ពមកថែមទៀតបានទ័ពថ្មីទាំងអស់ចំនួនដប់ម៉ឺននាក់ ហើយឲ្យធ្វើព្រះរាជពិធីលើកខ្លួនឯងឡើងជាមហាឧបរាជភូសម្រេចរាជការមហាក្រស័ត្រសឹក។ ស្ដេចកនឲ្យធ្វើទង់ពណ៌ក្រហមប៉ាក់រូបនាគក្បាល៨សំរាប់កងទ័ព។ ខ្លួនស្ដេចកនបាំងក្លស់ដូចស្ដេច។ ហេតុនេះហើយបានជាមានពាក្យរាស្ដ្រប្រជាហៅថា ស្ដេចកន តាមឈ្មោះពីឪពុកឲ្យខ្លះតាមឈ្មោះដែលហ្លួងប្រទានឲ្យខ្លះ គឺហៅតាមឈ្មោះដែលគ្រួឲ្យខ្លះ។ មហាឧបរាជកនតែងតាំងមន្ដ្រីក្រៅ និងក្នុងក្រុងជាស្រេចហើយ ទើបឲ្យព្រះពិជ័យនាគរក្សាបន្ទាយក្នុងនគរ ។ ឯខ្លួនឯងលើកទ័ពទៅបោះនៅខេត្ដកំពង់សៀម។ អស់មុខមន្ដ្រីដែលចៅពញាយមរាជឲ្យនៅរក្សាខេត្ដទាំងឡាយដែលដណ្ដើមយក បានពីមេទ័ពព្រះស្ដេចកន កាលបើឃើញទ័ពរបស់សត្រូវច្រើនលើសលប់កំលាំងណាស់ ក៏រត់ប្រាសយកតែអាយុសព្វខ្លួន រួចចូលទៅក្រាបបង្គំទូលព្រះបរមបពិត្រគ្រប់ៗគ្នា។
ក្នុងគ្រាដែលហោរាកំពុងព្យាករណ៍នោះ ឱកម៉ឺនសូរិន្ទកែវ គ្រងងារ យមរាជមួយ ចៈម៉ឺនចៃចុងរ័ក្សសោមមួយនាំទាហានទាំងពីររយនាក់ចូលទៅស្រែកថាមានការណ៍ធំណាស់សូមក្រាបបង្គំគាល់។ ខណៈនោះ ព្រះបរមបពិត្រទ្រង់តើនឡើងទើបតែនឹងគង់ស្រង់ព្រះអង្គទាហានទាំងពីរកាយនេះកាប់ត្រូវព្រះអង្គជាទំងន់។ ព្រះបរមបពិត្រទ្រង់ស្រែកហៅក្រុមរក្សាព្រះអង្គឲ្យចូលមកជួយក្រុមរក្សាព្រះអង្គស្ទុះចូលទៅកូនទាហានទាំងពីររយនាក់នោះទទួលកាប់ចាក់គ្នាជាឱឡារិក ឮសូរសន្ធឹកនេះដល់ទៅចៅពញាយមរាជដែលជាបិតាលៀងនៃចៅពញាយសរាជាជាព្រះរាជបុត្រ តែចៅពញាយមរាជលើកទៅជួយពុំទាន់ ព្រះបរមបពិត្រក៏សុគតទៅ។ កាលព្រះបរមបពិត្រ ព្រះអង្គសុគតទៅ ចៅពញាយមរាជអញ្ជើញចៅពញាយសរាជា លើកព្រះសពព្រះបិតាបញ្ចុះនៅទីសមគួរហើយនាំសេនាទាហានខ្លះ ចេញមកកាប់អាក្បត់ស្លាប់អស់ ៣០ នាក់ស្លាប់ខាងទ័ពហ្លួងជាង ១០០ នាក់។ ចំណែកឯមហាឧបរាជកនវិញ កាលព្រឹកឡើងដឹងថា: ចៅពញាឧទ័យធិរាជនាំកងទ័ពរត់ចោលបន្ទាយហើយ ក៏លើកកងទ័ពទៅដល់បន្ទាយទ័ពហ្លួង។ ឯទ័ពហ្លួងដែលគ្មានមេកងត្រួតត្រា ក៏បែកទ័ពរត់ខ្ចាត់ខ្ចាយអស់ទៅ។ ឯចៅពញាយមរាជ កាលដេញកងទ័ពឱកម៉ឺនសូរិន្ទកែវរត់ខ្ចាត់ខ្ចាយអស់ហើយ ក៏ចេញមកទទួលច្បាំងនឹងទ័ពអាស្រូវកន តែច្បាំងពុំបានក៏នាំចៅពញាយសរាជាចុះទូកចែវរត់ទៅ។ លុះដល់ខេត្តមហានគរហើយ ចៅពញាយមរាជក៏សុំយកដំរីសេះពីចៅហ្វាយស្រុកនោះមកដើម្បីរត់ទៅក្រុងទេព (ប្រទេសសៀម)។ ចៅពញាយមរាជលុះធ្វើដំណើរដល់ពាក់កណ្ដាលផ្លូវ ក៏ឈឺអនិច្ចកម្មទៅ។ អស់មុខមន្ត្រីក្រមការមហាតលិករៀបដាក់ស្នែងបញ្ចុះសពនៅទីសមគួរហើយ ក៏នាំគ្នាអញ្ជើញ ចៅពញាយសរាជាចូលទៅក្រុងទេព។
នេះនឹងស្រដីអំពីសម្ដេចព្រះឥសីភ័ទ្ទសួសថា: កាលដែលបន្ទាយសំរោងសែនបែកទ័ពនោះ សម្ដេចព្រះឥសីភ័ទ្ទព្រមគ្នានិងស្ម័គ្របក្សពួកអញ្ជើញយកព្រះខឌ្ដរតនមង្គល ព្រះលំពែងជ័យ និងគ្រឿងព្រះបញ្ចក្សេត្រចុះទូកនាំហែទៅដល់ពាក់កណ្ដាលផ្លូវ។ នៅទីនោះ លោកគិតថា: បើអញទ្រាំទៅឲ្យដល់ទៅស្រុកសៀមទៅមុខជាសៀមមិនឲ្យអញត្រឡប់មកវិញទេ។ លុះគិតដូច្នេះហើយសម្ដេចឥសីភ័ទ្ទ ក៏ធ្វើជាចូលទូកទៅបន្ទោបង់ឧច្ចារៈ (ដោះទុក្ខសត្វធំ) ក្នុងព្រៃ។ លុះទូកទីនាំងនាំចៅពញាយសរាជាហួសទៅ សម្ដេចព្រះឥសីភ័ទ្ទលោកក៏បត់ក្បាលទូកនោះចែវត្រឡប់មកត្រើយខាងលិចវិញ ហើយក៏ឡើងគោកចោលទូកនោះទៅយកតែព្រះខឌ្ដរាជ្យ និង លំពែងជ័យ ព្រះកៅទណ្ឌសរនោះឲ្យអាសូរជាខ្ញុំវេចស្ពាយរត់ទៅដល់ចុងខេត្តបាទី។ (គឺស្រុកកណ្ដាលស្ទឹងសព្វថ្ងៃនេះ ព្រោះសម័យពីដើម ស្រុកកណ្ដាលស្ទឹង ស្អាង សំរោង ភ្នំស្រួច ភ្នំស្រង់ គងពិសី ទាំងអស់នេះនៅក្នុងខែត្របាទីដែរ)។ នៅទីនោះ សម្ដេចឥសីភ័ទ្ទ ក៏នាំគ្នានឹងអាសូរជាខ្ញុំពួនពាក់លាក់ខ្លួនមិនឲ្យអ្នកណាដឹងឡើយ។ ឯព្រះខឌ្ដរាជ្យនិងព្រះលំពែងជ័យ និង គ្រឿងព្រះបញ្ចក្សេត្រនោះ សម្ដេចឥសីភ័ទ្ទយកទៅលាក់ទុកនៅក្នុងរន្ធនៃប្រហោងដើមចំបក់មួយ។
ការភៀសព្រះកាយទៅក្រុងទេព
ក្រោយពីព្រះបិតា ព្រះស្រីសុគន្ធសុគតហើយ ចៅពញាយសរាជាជាព្រះរាជបុត្រព្រមទាំងបណ្ដាជាខ្ញុំក្រុមមហាតលិកនាំព្រះអង្គរត់ទៅដល់ស្រុកសៀម ហើយក៏ចូលទៅនៅនឹងសម្ដេចចៅពញាចន្ទរាជាជាព្រះបិតុលា ហើយថ្វាយបង្គំយំខ្សឹកខ្សួលទូលពីរឿងដែលអា (កន) ព្រះស្ដេចគិតប្រទូសរ៉ាយ ក្លែងឧបាយក្បត់ផែនដី។ ទ្រង់ថ្លែងសេចក្ដីពីសម្ដេចព្រះវររាជបិតាក្ស័យព្រះជន្ម នៅស្ទឹងសែន សព្វគ្រប់ប្រការ។ សម្ដេចព្រះបរមរាជា មហាឧបរាជ ទ្រង់ព្រះសណ្ដាប់ហើយទ្រង់មានសេចក្ដីអាល័យសម្ដេចព្រះជេដ្ឋាណាស់។ ទ្រង់នឹកតូចព្រះទ័យនឹងការចាញ់ឧបាយកលអា (កន) ព្រះស្ដេចដែលវាចេញក្បត់ផែនដីទាល់តែអន្តរាយដល់ព្រះអង្គព្រះជេដ្ឋា។ ស្ដេចទ្រង់ព្រះកន្សែងទាំងពីរអង្គ ទាំងមុខមន្ត្រីក៏សោកយំគ្រប់គ្នា។ លុះបន្ទោសោកស្រេច សម្ដេចព្រះបរមរាជាមហាឧបរាជ ស្ដេចនាំចៅពញាយសរាជចូលគាល់សម្ដេចព្រះមហាចក្រពត្តិ "ស្ដេចសៀម" ទូលរឿងសព្វគ្រប់ហើយទូលពីសម្ដេចព្រះរៀមសុគតគ្រប់ប្រការរួចទូលសុំកងទ័ពលើកទៅចាប់អា (កន) ព្រះស្ដេចប្រហារជីវិតឲ្យបាន។ ព្រះមហាចក្រពត្តិទ្រង់ប្រារព្ធនឹងក្រស័ត្រទាំងពីរព្រះអង្គហាក់ដូចជាឈឺឆ្អាលណាស់ថាចាំយើងចាត់សេនាទាហានឲ្យលើកទៅជួយបង្ក្រាបអាក្បត់នោះឲ្យវិនាសឆាប់ៗ កុំបីក្មួយ កុំបីចៅព្រួយព្រះទ័យឡើយ។ រីឯមហាឧបរាជកនភូសម្រេចរាជការ មហាក្រស័ត្រសឹក កាលបានជ័យជំនះឈ្នះ ព្រះមហាក្សត្រហើយ ក៏ទ្រើសចិត្តពន់ប្រមាណណាស់ ហើយឲ្យសម្ដេចចៅហ៊្វាកៅ ត្រូវជាមានិងនាយកងនាយទ័ពលើកទៅសង្កត់ខែត្រឲ្យរាបទាបទាំងអស់គឺខាងជើងទល់នឹងនគរលាវខាងលិចទល់នឹងនគរចាមខាងត្បូងទល់នឹងសមុទ្រ។ លុះសង្កត់ខែត្របានរាបទាបហើយចៅហ៊្វាកៅ ក៏តាំងចៅហ្វាយស្រុកឲ្យនៅរក្សាខែត្រយ៉ាងមាំមួនរួចទើបត្រឡប់មករកមហាឧបរាជកនវិញ។
មហាឧបរាជភូសម្រេចការរាជការ (ភូ មានន័យថា អ្នក ឧទាហរណ៍ ភូឈួយ មានន័យថា អ្នកជួយ រឺជំនួយការ) មហាក្រស័ត្រសឹកបានដឹងថា អាណាខែត្ររាបទាបអស់ហើយ ក៏មានចិត្តត្រេកអរណាស់ ទើបឲ្យលើកកងទ័ពត្រឡប់មកក្រុងស្រីសន្ធរវិញ។ មហាឧបរាជលុះចូលទៅក្នុងព្រះរាជវាំងហើយ ក៏តាំងសម្ដេចចៅហ្វាកៅជាមាឲ្យជាធំសំរេចរាជការខាងទាហាន។ ក្រៅពីនោះ តាំងឲ្យជាសេនាបតីមន្ត្រីធំតូចតាមមានគុណបំណាច់រាល់រូប។ លុះរៀបចំសេនាបតីរួចស្រេចហើយមហាឧបរាជកនក៏ប្រកាសថា: បើអ្នកណារកព្រះខឌ្ដរាជ្យមកថ្វាយបាន មហាឧបរាជនឹងឲ្យរង្វាន់ជាមាស ៥០០ តម្លឹង តែរកពុំឃើញសោះ។ ស្ដេចកនឲ្យធ្វើព្រះខឌ្ដថ្មីវិចិត្ររចនាដោយសុវណ្ណរតន៍រួចស្រេចហើយ សម្ដេចចៅហ្វាកៅ និង អស់សេនាបតីមន្ត្រីតូចធំខ្ញុំព្រះរាជការជំនុំព្រមគ្នារៀបចំពិធីប្រាប្ដាភិសេកមហាឧបរាជ ឲ្យឡើងសោយរាជសម្បត្តិគ្រប់គ្រងក្រុងកម្ពុជាធិបតីតទៅ។
ការវាយបង្ក្រាបស្ដេចកន
សមរភូមិខេត្តក្រគរ
នេះនឹងនិយាយអំពីចៅឧទ័យធិរាជ ចៅហ្វាយស្រុកអាសន្ទុកវិញ។ ចៅហ្វាយស្រុកខេត្តអាសន្ទុកលុះដឹងថា “សម្ដេចចៅពញាចន្ទរាជា ស្ដេចលើកទ័ពហួសរហូតទៅដល់ខេត្តរលាប្អៀរ លង្វែកហើយ” ក៏តាំងកេណ្ឌកងទ័ពគ្រប់ខេត្តដែលឡើងខេត្តអាសន្ទុកនោះ គឺមឿងជីក្រែង ស្ទោង ព្រំទេព ព្រៃក្ដី សៀមបូក សៀមប៉ាង ព្រះប្រសប់ មឿងទាំង ២៥នេះកេណ្ឌបានពល ៨០០០០ នាក់ ហើយឲ្យកេណ្ឌទូករាស្ដ្រសំរាប់ចំលងកងទ័ពឆ្លងទៅខេត្តក្រគរដើម្បីវាយកងទ័ពសត្រូវផ្ទប់ពីខាងក្រោយកុំឲ្យសម្ដេចចៅពញាចន្ទរាជារត់គេចខ្លួនបាន។ ឯសម្ដេចចៅពញាចន្ទរាជាជាអម្ចាស់ ព្រះអង្គប្រថាប់ទ័ពនៅបន្ទាយស្រុកអមរគីរីន្ទបូរ (អម្រិន្ទបូរី)។ ក្នុងមួយថ្ងៃនោះព្រះអង្គជ្រាបថា “កងល្បាតនៃចៅពញាឧទ័យធិរាជកំពុងឲ្យកងទ័ពឆ្លងទន្លេសាបមកខេត្តក្រគរហើយ” ទ្រង់ឈ្វេងយល់គ្រប់ប្រការស្រេច ទើបស្ដេចត្រាស់បង្គាប់បម្រើសេះឲ្យទៅទូលចៅពញាយសរាជាដែលនៅរក្សា ខេត្តពោធិ៍សាត់ថា ឲ្យលើកកងទ័ពទៅស្ទាក់ចាំនៅកំពង់ដៃទន្លេសាប កុំឲ្យកងទ័ពសត្រូវឡើងគោករួច។ ឯចៅពញាយសរាជាជាស្ដេចព្រះភាគិនេយ្យោ (របស់ព្រះចន្ទរាជា) ទ្រង់ជ្រាបហើយទ្រង់ឲ្យនាយកងទ័ពនាំរេហ៍ពល ១០០០០ នាក់កាន់កាំភ្លើងធំតូចទៅបង្កប់ចាំនៅមាត់ព្រៃទន្លេសាបពីរអន្លើ ហើយឲ្យកេណ្ឌទូកបានជាច្រើន។ ទ្រង់ត្រាស់កំណត់ថា បើកងទ័ពសត្រូវវាថយរត់ទៅត្រូវឲ្យតាមបាញ់តាមចាប់យកជ័យជំនះឲ្យបាន។
សម្ដេចចៅពញាចន្ទរាជា កាលឲ្យបំរើទៅទូលសម្ដេចព្រះភាគិនេយ្យាចៅពញាយសរាជារួចហើយស្ដេចត្រាស់បង្គាប់ចៅពញាអធិបតីសេនាពេជ្រ និងចៅពញាយោធាសង្គ្រាមពៅ ឲ្យនាំរេហ៍ពល២០០០០ នាក់ទៅបង្កប់ចាំនៅមាត់ព្រែកទន្លេសាបត្រើយខាងកើត ហើយទ្រង់ផ្ដាំថា “បើឮកាំភ្លើងសន្យាទ័ពហើយឲ្យលើកកងទ័ពចូលច្បាំងឲ្យបានសំរេចចុះ”។ ចៅពញាទាំងពីរក៏ក្រាបបង្គំថ្វាយលាចេញទៅតាមព្រះរាជបញ្ជា។ ឯសម្ដេចចៅពញាចន្ទរាជា ព្រះអង្គស្ដេចឡើងគង់លើព្រះទីនាំងចក្រពត្ដិគឺទូកងសារាយអណ្ដែតនោះ ព្រមដោយទូកងផ្សេងៗ២៥ទៀតចេញទៅបង្កប់ស្ទាក់នៅមាត់ព្រែកទន្លេសាប ចាំទ័ពសត្រូវ។ ចៅពញាឧទ័យធិរាជចៅហ្វាយស្រុកខេត្តអាសន្ទុក (ខាងស្ដេចកន) កាលបានទូក និងទ័ពមកជួបជុំហើយក៏ដេញពលឲ្យចុះទូកទៅដល់ជិតព្រៃត្រើយខាងលិច។ ខណៈនោះកងទ័ពចៅពញាយសរាជាដែលបង្កប់ខ្លួននោះក៏តាំងហ៊ោរបាញ់កាំភ្លើងធំតូចរំពងឡើង។ កងទ័ពចៅពញាឧទ័យធិរាជជិះទូកកំណែនគ្មានចំណាប់នឹងបាញ់ក៏បែកកងទ័ពរត់ទៅពួនក្នុងព្រៃមួយអន្លើក្នុងខេត្តអម្រិន្ទបូរ។ នៅទីនោះកងទ័ពចៅពញាឧទ័យធិរាជទាំងនោះរត់ទៅជួបនឹងកងទ័ពចៅពញាសេនាសង្គ្រាម។ ខាងកងទ័ពចៅពញាសេនាសង្គ្រាមក៏ទទួលបាញ់កាប់ចាក់កងទ័ពសត្រូវឥតត្រាប្រណីឡើយធ្វើឲ្យកងទ័ពសត្រូវទ្រាំមិនបានក៏រត់ឆ្លងទៅត្រើយខាងកើតវិញ។ ទ័ពដែលស្លាប់ដោយធ្លាក់ទឹកទន្លេសាបនោះប្រមាណជាពីរឬបីពាន់នាក់។ ឯសម្ដេចចៅពញាចន្ទរាជាដែលបង្កប់ក្នុងព្រៃ លុះឮសូរកាំភ្លើងហើយឃើញទ័ពនៃចៅពញាឧទ័យធិរាជរារង់ថយមកនោះ ទ្រង់ក៏ឲ្យទូកងទាំង២៥ និងទូកព្រះទីនាំងព្រះចក្រពត្ដិអុំសំរុកចូលទៅចាប់ ហើយចាប់បានទាំងពលទាំងពញាឧទ័យធិរាជ និងចៅមឿង ១០ នាក់ទៀត។ ឯចៅមឿង ១១នាក់ទៀតលោតរត់ដោះខ្លួនទៅដល់ច្រាំងត្រើយខាងកើតជាមុន។ ឯចៅពញាអធិបតីសេនា និងចៅពញាយោធាសង្គ្រាមដែលនៅបង្កប់ទ័ពនៅមាត់ទន្លេត្រើយខាងកើតនោះ លុះឃើញចៅមឿងទាំង ១១នាក់រត់ទៅដល់ហើយ ក៏ឲ្យទ័ពខ្លួនដេញចាប់បានទាំងអស់ ហើយឲ្យដាក់ក្ដីប្រចាំការទំរាំស្ដេចយាងទៅដល់។ លុះដល់ថ្ងៃរសៀលសម្ដេចចៅពញាចន្ទរាជាព្រះអង្គចេញព្រះរាជដំណើរទៅដល់ ព្រះពន្លានៅត្រើយខាងកើតនោះហើយចៅពញាអធិបតីសេនាពេជ្រ និងចៅពញាយោធាសង្គ្រាមពៅ នាំចៅហ្វាយស្រុកចៅមឿងទាំង២២នាក់ និងឈ្លើយទាំង ៦០០០០នាក់ដែលចាប់បាននោះ នាំមកក្រាបបង្គំទូលថ្វាយ។ ខណៈនោះចៅហ្វាយស្រុក ចៅមឿង ចៅបាន សេនាទាហាន ឯក ទោ ត្រី ដែលចាប់បានជាប់ទាំងរេហ៍ពល៦០០០០នាក់ ក៏កោតខ្លាចអំណាចបុណ្យបារមីនៃសម្ដេចចៅពញាចន្ទរាជា ហើយសន្មតសញ្ញាសូមនៅជាខ្ញុំរាជការត្រាអស់មួយជីវិត។ សម្ដេចចៅពញាចន្ទរាជាទ្រង់ព្រះរាជានុញ្ញាតឲ្យតាមសុំ។ តែក្នុងគ្រានោះព្រះអង្គពុំទាន់រកឃើញនូវក្រុមព្រះបុរោហិតនៅឡើយនឹងឲ្យធ្វើសច្ចាប្រណិធានតាមច្បាប់ប្រពៃណីពុំកើតទើបទ្រង់ត្រាស់បង្គាប់ឲ្យក្រុមទាំងនេះទទួលថាតាមព្រះអង្គ ៣ដងម្នាក់ៗ ហើយឲ្យក្រុមទាំងនោះទទួលទានទឹកពិភទ្ទសច្ចាទុកជាការស្រេច។ លុះពលទាំងនោះសុំចុះចូលអស់ហើយ ព្រះអង្គត្រាស់បង្គាប់ទៅពញាឧទ័យធិរាជជាចៅហ្វាយស្រុកខេត្តអាសន្ទុកដែលទើបនឹងសុំចុះចូលឲ្យនាំមឿងទាំង ២២ស្រុក និងរេហ៍ពល ៦០០០០នាក់ ដែលសល់ពីស្លាប់នោះឲ្យលើកទ័ពទៅវាយបន្ទាយខេត្តកំពង់សៀម បន្ទាយខេត្តជើងព្រៃ និងស្ទឹងត្រង់ ទាំង៣ខេត្តនេះឲ្យបាន។ ចៅហ្វាយស្រុកទាំង៣ខេត្តនេះធ្លាប់ខ្លាចថ្វីដៃចៅពញាឧទ័យធិរាជស្រាប់ លុះឃើញកងទ័ពពញាឧទ័យធិរាជចាត់សេនាទាហានឲ្យនៅរក្សាខេត្តទាំង៣ នោះហើយ ក៏លើកទ័ពមកក្រាបបង្គំទូលស្ដេចចៅពញាចន្ទរាជាអំពីជ័យជំនះដែល ខ្លួនយកបានគ្រប់ប្រការ។ ស្ដេចចៅពញាចន្ទរាជាទ្រង់មានព្រះអំណរណាស់ ទ្រង់ត្រាស់ព្រះរាជទានមាស ប្រាក់ យសស័ក្ដិដល់សេនាទាហានទាំងនោះឲ្យឡើងទីទៃៗពីគ្នាតាមសមគួរហើយ ទ្រង់ផ្ដាំនឹងចៅពញាឧទ័យធិរាជឲ្យការពារសឹកសង្គ្រាមត្រើយខាងកើតទិសខាងជើងនេះឲ្យជាប់នៅនឹងបាឯងឲ្យបាឯងខំរក្សាអាណាខេត្ដព្រមទាំងបញ្ចុះបញ្ចូលចៅហ្វាយស្រុកចៅមឿងទីទៃៗឲ្យបានមកជាចំណែកខាងយើងទាំងអស់។ ចៅពញាឧទ័យធិរាជ និងចៅមឿង២១ខេត្ត ក៏ថ្វាយបង្គំទូលថ្វាយទទួលព្រះបន្ទូលពិសេសហើយ ក៏លើកទ័ពត្រឡប់ទៅខេត្តទីទៃៗរៀងខ្លួន។ ចៅពញាឧទ័យធិរាជទៅដល់ខេត្តហើយ ក៏ឲ្យកេណ្ឌសេនាទាហាន និងអ្នកមានប្រាជ្ញាស្មារតីមានថ្វីមាត់ចេញទៅនិយាយបញ្ចុះបញ្ចូលចៅហ្វាយស្រុកចៅមឿងដែលនៅទិសខាងកើតប៉ែកខាងលិចនោះទាំងអស់។ សេនាទាហាន និងអ្នកមានប្រាជ្ញាស្មារតីថ្វីមាត់ទាំងនោះទៅបញ្ចុះបញ្ចូលបានចៅហ្វាយស្រុកមហានគរ ចៅមឿងសូទ្រនិគម ចៅមឿងពួក ចៅមឿងក្រឡាញ់ ចៅមឿងចុងកាល់ និងរហូតរៀងទៅដល់ចុងផែនបានជាច្រើននៅទិសខាងលិចជាស្រេចដាច់ខាតមកខាងស្ដេចពញាចន្ទរាជាទាំងអស់។ ចៅពញាឧទ័យធិរាជជោគជ័យដូច្នោះហើយ ក៏ធ្វើសំបុត្រក្រាបបង្គំទូលចូលមកព្រះបាទចន្ទរាជាជាម្ចាស់តាមដំណើរ។ ព្រះបាទអ្នកអង្គម្ចាស់ទ្រង់ជ្រាបហើយទ្រង់មានព្រះអំណរណាស់ ទើបព្រះអង្គថយទ័ពត្រឡប់មកខេត្ដអម្រិន្ទបូរវិញ។
រក្សាបន្ទាយអម្រិន្ទបូរ
នេះនឹង និយាយអំពីព្រះចៅក្រុងស្រឡប់ពិជ័យព្រៃនគរទិសខាងកើតវិញ។ លុះដល់វស្សានរដូវក្នុងឆ្នាំឆ្លូវ នព្វស័កនោះ សម្ដេចព្រះស្រីជេដ្ឋាស្ដេចកនព្រះអង្គចេញជួបជុំសេនាបតី មន្ដ្រីតូចធំ ខ្ញុំព្រះរាជការ ហើយត្រាស់ថា “ចៅពញាចន្ទរាជាលើកកងទ័ពទៅវាយយកផែនដីត្រើយខាងជើង ហើយលើកខ្លួនជាម្ចាស់ផែនដីទៀត ដូច្នេះឲ្យសេនាបតីចេញសំបុត្រកេណ្ឌរេហ៍ពលឲ្យមកគ្រប់ខេត្តថា កាលណាចេញព្រះវស្សា ព្រះអង្គនឹងលើកទ័ពទៅវាយយកខេត្តអម្រិន្ទបូរ ពោធិ៍សាត់វិញឲ្យបាន។ សេនាបតីទទួលព្រះរាជបញ្ជាហើយ ក៏ចេញសំបុត្រប្រាប់ទៅចៅហ្វាយស្រុក ចៅមឿង ចៅបានឲ្យកេណ្ឌកងទ័ពតាមត្រាស់បង្គាប់។ លុះដល់ខែនោះ គ្រប់ចៅហ្វាយស្រុកបញ្ជូនរេហ៍ពលមកជួបជុំបានចំនួន ១២០០០០ នាក់។ ទ្រង់ត្រាស់ឲ្យបង្ហាត់កាន់អាវុធឲ្យស្ទាត់តាមក្បួនពិជ័យសង្គ្រាម ទ្រង់ត្រាស់ឲ្យចៅពញាលំពាំង ចៅពញាស្រាលឲ្យឃុំកងទ័ព ២០០០០ នាក់ឆ្លងទៅតាំងទ័ពនៅខេត្ដសំរោងទងឲ្យសម្ដេចចៅហ៊្វាកៅឃុំពល ៣០០០០ នាក់ទៅតាំងបន្ទាយនៅភ្នំពេញ។ ក្នុងខណៈនោះ សម្ដេចចៅពញាចន្ទរាជា ព្រះបរមបពិត្រទ្រង់ជ្រាបដោយបំរើសេះពីខេត្ដលង្វែកចូលទៅក្រាបបង្គំទូលសព្វគ្រប់ប្រការហើយ ទ្រង់ព្រះពិរោធជាខ្លាំងណាស់។ ទ្រង់ប្រាប់ឧកញ៉ាចក្រីកែវ និងឧកញ៉ាវង្សាអគ្គរាជកែឲ្យឃុំពល ២០០០០ នាក់លើកចេញទៅ។ ព្រះបរមបពិត្រអម្ចាស់ត្រាស់ឲ្យស្ដេចព្រះភាគិនេយ្យាយសរាជានៅចាំរក្សាបន្ទាយ ហើយព្រះអង្គព្រមដោយសេនាទាហានរេហ៍ពល ៣០០០០ នាក់លើកចេញទៅតាំងនៅភូមិជ័យសួគ៌ នៅខេត្ដលង្វែករង់ចាំស្ដាប់រាជការសង្គ្រាម បើឃើញអាសន្នទ្រង់នឹងលើកទ័ពទៅជួយជាឆាប់។ ក្នុងគ្រានោះឧកញ៉ាចក្រីកែវ ឧកញ៉ាវង្សាអគ្គរាជកែ លើកទ័ពចូលច្បាំងនឹងកងទ័ពចៅពញាស្រាល។ វង្សាអគ្គរាជលើកទ័ពតទល់នឹងចៅពញាលំពាំងជាសេនាបតីមេទ័ពត្រើយខាងកើត។ ខណៈនោះសេនាទាហានរេហ៍ពលទាំងសងខាងចូលប្រយុទ្ធគ្នាដោយអាវុធវែងខ្លីជាសន្ធឹកគឹកកងកោលាហល។ ពួកពលស្លុតស្លាប់ទាំងសងខាងកងទ័ពដំរី (ទ័ពខាងសម្ដេចចៅពញាចន្ទរាជា) ដែលឧកញ៉ាចក្រីឲ្យឧកញ៉ានរិន្ទនាយកព្រះរាជានុកូលទៅបង្កប់ក្នុង ព្រៃនោះចំនួនដំរីសឹក ១៤០ នាក់វាងបានទៅខាងក្រោយទ័ពសត្រូវហើយក៏បរចូលទៅរួសរាន់ជាន់ជល់ពង្រាបពីក្រោយកងទ័ព។ ខណៈនោះចៅពញាលំពាំង ចៅពញាស្រាល ទ្រាំពុំបានក៏បែកទ័ពរត់ទៅនៅក្នុងបន្ទាយភ្នំពេញវិញ។
មេទ័ពនៃសម្ដេចចៅពញាចន្ទរាជា ព្រះបរមបពិត្រទាំងពីរកងក៏លើករហូតទៅវាយបានបន្ទាយខេត្ដបាទី ខេត្តទ្រាំងមួយចាប់បានចៅហ្វាយស្រុកបាទីមួយ ចៅមឿងព្រៃកប្បាសមួយ ចៅមឿងកណ្ដាលស្ទឹងមួយ ចៅមឿងគងពិសីមួយ ចៅមឿងភ្នំស្រួចមួយ ព្រមទាំងចាប់បានចៅមឿងបន្ទាយមាសមួយ ចៅមឿងពាមមួយ ចៅមឿងស្រែរនោងមួយ ចៅមឿងជើងកញ្ជុំមួយ នាំមកក្រាបទូលថ្វាយ។ ព្រះបរមបពិត្រទ្រង់ចាត់ឲ្យទទួលទានបាយទឹកព្រះពិភ័ទ្ធសច្ចា ហើយទ្រង់ព្រះមេត្ដាប្រោសលើកលែងខ្លួន និងឲ្យនៅរក្សាស្រុកខេត្តដូចដើមវិញ។ ចៅពញាពិស្ណុលោកឯក ជាចៅហ្វាយស្រុកខេត្ដទ្រាំង ក្នុងពេលនោះរត់រួចហើយទៅរួមនឹងចៅហ្វាយស្រុកបាសាក់មួយ ព្រះត្រពាំងមួយ ក្រមួនសមួយ ឪម៉ៅមួយ តាំងបន្ទាយមាំមួននៅខេត្ដនោះ។ ដល់រដូវទ្វារទសមាសអកអំបុកនោះអស់មុខមន្ដ្រីខាងសម្ដេចចៅពញាចន្ទរាជាជាព្រះបរមបពិត្រអម្ចាស់ផែនដីត្រើយខាងចតុមុខទៅធ្វើប្រាសាទគ្រឿង ឈើ ប្រក់ស្បូវ នៅកំពង់ខេត្តលង្វែក។ លុះដល់សម្រេចហើយក៏អញ្ជើញស្ដេចទៅប្រថាប់ទតប្រណាំងទូក និងលយកន្ទោងធំ ទូកប្រទីបថ្វាយទៅព្រះចង្កូមកែវ ដែលតំកល់នៅពិភពនាគ និងអុជកាំជ្រួចរន្ទាថ្វាយទៅចូឡាមណីចេតិយដែលតំកល់ព្រះចង្កូមកែវនៅឋានត្រៃត្រិង្ស៣ថ្ងៃ។ ទ្រង់ប្រោសប្រទានឈ្មោះភូមិជ័យសូរដែលព្រះអង្គតាំងបន្ទាយនោះឲ្យ ហៅថា “ភូមិសូរវង្ស” ។ ឯភូមិកំពង់សែតនោះទ្រង់ឲ្យហៅថា កំពង់ប្រាសាទ។ ហេតុនេះហើយបានជាមានឈ្មោះហៅថា ភូមិសូរវង្សកំពង់ប្រាសាទរៀងមក។
សមរភូមិព្រែកហ្លួង
នេះនឹងនិយាយអំពីសម្តេចចៅហ៊្វាកៅ ដែលចាំរក្សាបន្ទាយស្រឡប់ពិជ័យព្រៃនគរនោះ មុននេះ ៣ថ្ងៃយល់សប្តិឃើញបណ្ឌិតកវី ស្រីព្រះស្នំ ក្រមការ និង ពួកសេវកាមហាមាត្យ យាត្រាចាកនិគមបរមនិវេសន៍ បន្ទាយពោធិ៍សាត់មកដល់ខែត្រអម្រិន្ទបូរ។ ព្រះអង្គចូលគង់ក្នុងព្រះពន្លាជ័យក្នុងបន្ទាយចាស់ ហើយទ្រង់បរិច្ចាគព្រះរាជទ្រព្យថ្វាយព្រះសង្ឃ និងព្រះរាជទាន រង្វាន់ឱ្យអស់អ្នកដែលដេញសាស្ត្រាបាលីប្រយោគ។ ខាងព្រះសង្ឃដេញប្រយោគបានលេខ ទ្រង់នឹងតាំងជាបាល័ដ្ឋសមុហ៍បៃដីកា។ បើខាងគ្រីហាវាសវិញ ទ្រង់ព្រះរាជទានជាមន្ត្រីខ្ញុំរាជការ ក្រុមស្រុកតាមគុណវិជ្ជាការ ហើយត្រាស់បង្គាប់ចាងហ្វាងមហោស្រពឱ្យតាំងហាត់ល្ខោនប្រុសស្រី ភ្លេងតូរ្យតន្ត្រីជាសំរាប់ព្រះឥស្សរិយយស។ ឃើញខ្យល់កំបុតត្បូងកួចទង់ជ័យសម្តេចព្រះស្រីជេដ្ឋាជាភ្លើងឆេះអណ្តែតកណ្តាលអាកាស ហើយធ្លាក់នៅកំពង់ចាម។ លុះភ្ញាក់ឡើងភ័យណាស់និយាយប្រាប់និមិត្តនោះឱ្យសម្តេចចៅពញាហែងជាបិតាក្មេកសម្តេចព្រះស្រីជេដ្ឋាស្តាប់ ហើយហៅហោរាមកប្រាប់ហេតុឱ្យទាយ។ ហោរាពិនិត្យទៅឃើញថា យល់សប្តិថ្ងៃអង្គារជាភ្លើង ហើយឃើញឆេះទង់ជ័យនោះ ទំនាយថា ទ័ពហ្លួងបរាជ័យហើយត្រង់ដល់ឃើញខ្យល់កំបុតត្បូងកួចនាំទៅកណ្តាលអាកាសនោះ ថាបុណ្យបារមីនៅមានទេវតានាំឱ្យរួចពីចំណោមត្រង់ដែលភ្លើងធ្លាក់ទឹកនៅកំពង់ចាមនោះ ថាហ្លួងនិងរត់ទៅដល់ទីនោះ។ សម្តេចចៅហ៊្វាកៅ ឮហើយភ័យណាស់ ក៏ឱ្យសម្ដេចចៅពញាហែងនៅរក្សាបន្ទាយរួចផ្តាំថាឱ្យខិតខំកេណ្ឌរេហ៍ពលទុកបំរុងឱ្យបានច្រើន។ ឯខ្លួនសម្តេចចៅហ៊្វាកៅនាំខ្មាន់ធ្នូ និងទាហានកាំភ្លើង ១០០០ នាក់ និង ព្រះទីនាំងគជេន្ទ្រយុទ្ធទៅបោះទីតាំងនៅដូនម៉ៅជាត្រើយខាងកើត។ លុះឃើញសម្តេចព្រះស្រីជេដ្ឋាគង់លើសេះនាំ ទាហានហែលឆ្លងមកដល់ច្រាំងហើយ សេះនោះក៏លិចវិនាសទៅក្នុងទឹកទៅ ចៅហ៊្វាកៅក៏ស្ទុះទៅទទួលយករួចតែសម្តេចព្រះស្រីជេដ្ឋា និងទាហានរួមមិត្ត ២០ នាក់នោះដល់ទៅមាត់ច្រាំងល្មមព្រះទីនាំងចក្រពត្តិនោះត្រឡប់មកដល់ សម្តេចចៅហ៊្វាកៅឱ្យទាហានបាញ់ធ្នូ បាញ់កាំភ្លើង កុំឱ្យព្រះភាគិនេយ្យយសរាជាឡើងតាមមកទាន់។ ព្រះយសរាជាក៏ត្រឡប់ព្រះទីនាំងមករកទ័ពទូក ដែលតាមមកពីក្រោយនោះវិញ លុះជួបហើយស្តេចឱ្យឈប់នៅទីមួយអន្លើ។ ជួនជាពេលនោះមានខ្យល់ព្យុះខ្លាំងណាស់ ស្តេចត្រាស់ឱ្យយកអាវុធសឹកទុកសិន ហើយចូលទូកចំបាំងទៅឈប់ក្នុងបឹងមួយអន្លើ។ ទ្រង់ឱ្យសាងវត្តមួយនៅទីនោះទុកជាព្រះកេរ្តិ៍ ហេតុនេះហើយបានជាជាប់ឈ្មោះថា វត្តព្រែកហ្លួងរៀងមកដល់សព្វថ្ងៃនេះ។
ឯសម្តេចចៅហ៊្វាកៅ កាលបានទទួលសម្តេចព្រះស្រីជេដ្ឋារួចហើយ ជួនជាវេលាយប់ ក៏យាងស្តេចផ្ទុំសំរាក កំលាំងនៅក្នុងព្រៃដូនម៉ៅនោះទៅ តែទីនោះមានមូសខាំខ្លាំងណាស់ទ្រាំពុំបាន ទើបសម្តេចព្រះស្រីជេដ្ឋា ទ្រង់ផ្សងមិនឱ្យមានមូស មូសក៏គ្មានក្នុងទីនោះរៀងមក។ លុះព្រឹកឡើងសម្តេចចៅហ៊្វាកៅយាងសម្តេចព្រះស្រីជេដ្ឋាឡើងគង់ព្រះទីនាំងពិជ័យគជយុទ្ធនាំរេហ៍ពលទាំង ១០២០ នាក់ស្រូតរូតទៅដល់ភូមិដំរីស ព្រះទីនាំងពិជ័យគជយុទ្ធនោះឈឺស្រុត (ងាប់) នៅទីនោះទៅ ព្រះស្តេចកនទ្រង់ធ្វើបុណ្យហើយឱ្យកប់ដំរីនៅទីនោះបានជាជាប់ហៅទួលកប់ព្រះដំរីរៀងមក។
ឯសម្តេចព្រះភាគិនេយ្យយសរាជាកែវនាយក ព្រះអង្គចាំបាត់ពុំឃើញទ័ពជើងគោកលើកមក ព្រះអង្គក៏ថយទ័ពទូកមកភ្នំពេញវិញដើម្បីនឹងស្តាប់ព្រះរាជាសម្តេចព្រះបិតុលារាជាធិរាជ។
ការចាត់តាំងជាមេទ័ពហ្លួង
សម្តេចព្រះបរមបពិត្រខត្តិយាចន្ទរាជាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គលើកពិជ័យសង្គ្រាមមកដល់ ស្រុកឧដុង្គហើយ ស្តេចទៅថ្វាយបង្គំព្រះចេតិយ ព្រះបដិមា ហើយស្តេចត្រឡប់មកគង់ព្រះពន្លាវិញ ហើយទ្រង់ត្រាស់ចាត់កងទ័ពជាច្រើនកង៖
- ១-ឱ្យចៅពញាតេជោ ចៅហ្វាស្រុកសំរោងទងជាមេទ័ពមុខ កាន់ពល ២០០០០ នាក់ ជាទ័ពស្រួច។
- ២-ឱ្យឧកញ៉ាមនោមេត្រី កាន់ពល ១០០០០ នាក់ជាមេទ័ពស្តាំ។
- ៣-ឱ្យឧកញ៉ារាជាមេត្រីជាមេទ័ពឆ្វេង កាន់ពល ១០០០០ នាក់។
- ៤-ឱ្យឧកញ៉ាសួគ៌ាលោកសុខ កូនចៅពញាមឿង កាន់ពល ៣០០០០ នាក់ជាទ័ពមុខ។
ឱ្យសម្តេចចៅពញាយសរាជាជាព្រះរាជភគិនេយ្យោជាមេទ័ពហ្លូង ឃុំពល ៥០០០០ នាក់ឆ្លងទៅព័ទ្ធ ពីខែត្រព្រៃវែងស្ទាក់ផ្លូវកុំឱ្យសម្តេចចៅហ្វាកៅមកសួរគ្នាបាន។ ទើបទ្រង់ចាត់ទ័ពមួយផ្លូវទៀត៖
- ១-ឱ្យឧកញ៉ាឧទ័យធិរាជ ចៅហ្វាយស្រុកអាសន្ទុកជាមេទ័ពមុខ។
- ២-ចៅពញាពេជតេជោជាមេទ័ពឆ្វេង ។
- ៣-ចៅពញាស្រែន្យខាំងហ្វាជាមេកងទ័ពស្តាំ។
- ៤-ចៅពញាមន្ត្រីភក្តីជាកងទ័ពក្រោយ។
ទាំង៤កងឃុំពល ៥០០០០ នាក់លើកជាទ័ពជើងគោកទៅខែត្រកំពង់សៀមឆ្លងទៅមាត់ឃ្មុង និងភ្នំពានជាំងស្ទាក់ផ្លូវកុំឱ្យសម្តេចចៅពញាកំហែង ជាឪពុកក្មេកព្រះស្តេចកនលើកទៅជួយព្រះស្តេចកនបាន។ ទើបព្រះអង្គចាត់ទ័ពមួយផ្លូវទៀត៖
- ១-ឧកញ៉ាចក្រីទេព កូនទី៣ ពញាមឿងឃុំពល ២០០០០ នាក់ជាមេកងទ័ពមុខ ។
- ២-ឧកញ៉ាយមរាជឃុំពល ១០០០០ នាក់ជាទ័ពឆ្វេង។
- ៣-ឧកញ៉ាក្រឡាហោមឃុំពល ១០០០០ នាក់ជាទ័ពស្តាំ។
- ៤-ព្រះអង្គឯងទ្រង់ពល ៤០០០០ នាក់ជាទ័ពហ្លួង។
- ៥-ឧកញ៉ាមហាមន្ត្រី ឃុំពល ៥០០០ នាក់ជាទ័ពបង្កប់ ហើយទ្រង់ត្រាស់ផ្តាំឱ្យធ្វើតាមគ្រប់ប្រការ។
នេះនឹងនិយាយអំពីសម្តេចព្រះស្រីជេដ្ឋាម្ចាស់ត្រើយខាងកើត ដែលទ្រង់ចាត់ឱ្យចៅហ្វាកៅនាំគ្រប់គ្រួទៅ ហើយត្រាស់បង្គាប់ចៅពញាវៀង ចៅពញាវាំង ចៅពញាស្រាល ចៅពញាលំពាំង កេណ្ឌកងទ័ពមកឱ្យរក្សាព្រះនគរបានតែ ១០០០០ នាក់នោះនាយគយខាងពាមផ្កាយសម្រេច១ នាយគយខាងខែត្រព្រៃវែង១ នាយគយខាងពាមរ១ ទាំង៣មេគយនេះយល់កងទ័ពទាំងបីផ្លូវលើកមកដល់ហើយក៏ភិតភ័យឡើងសេះចូលទៅប្តឹងសេនាបតីឱ្យយកសេចក្តីក្រាបបង្គំទូលសម្តេចព្រះស្រីជេដ្ឋា សម្តេចព្រះស្រីជេដ្ឋាត្រាស់ថាយើ! ពញាចន្ទរាជាអញស្មានថាបានផែនដីតែប៉ុណ្ណោះក៏នឹងគិតនៅស្ងៀមរក្សាផែនដីដោយខ្លួនឯងឱ្យរាស្ត្ររកស៊ីឱ្យសុខសប្បាយទៅហើយ ឥឡូវរុករានទន្ទ្រានលើកយោធាទាហានតាមមកទៀត។ ខណៈនោះទ្រង់ត្រាស់សេនាបតីទាំង៤ឱ្យតឿនពលឡើងរក្សានាទីភាគបន្ទាយ តែកាលពិនិត្យរេហ៍ពលទៅឃើញបានចំនួនបានតែ ១០០០០ នាក់ទ្រង់យល់ថានឹងទប់រក្សាបន្ទាយព្រះរាជវាំងនោះពុំបានទើបទ្រង់ត្រាស់ឱ្យកៀរគ្រួលើកចោលបន្ទាយបាសាន។ លុះធ្វើដំណើរមក ទ័ពព្រះស្រីជេដ្ឋាក៏មកជួបប្រទះនឹងកងទ័ពចៅពញាសួគ៌ាលោកសុខ កូនពញាមឿង។ ទ័ពទាំងសងខាងក៏បានច្បាំងគ្នាពីព្រឹកលុះថ្ងៃត្រង់តែពុំទាន់ឈ្នះចាញ់។ ឧកញ៉ាចក្រីទេពកូនទី៣របស់ចៅពញាមឿង និងចៅពញាតេជោ ចៅហ្វាយស្រុកខែត្រសំរោងទងបានដឹងថា ព្រះស្តេចកននិងមុខមន្ត្រីរេហ៍ពលរត់ចោលបន្ទាយដូច្នោះហើយ ព្រមទាំងឮសូរកាំភ្លើងកំពុងច្បាំងគ្នាយ៉ាងខ្លាំងណាស់ទៀត ក៏តឿនកងទ័ពស្រូតតាមទៅហើយបានទាន់កំពុងច្បាំងគ្នា។ មេទ័ពខាងលិចទាំងពីរកងក៏ដេញពលឱ្យចូលជួយច្បាំងប្រកាប់គ្នាយ៉ាងសាហាវពលខ្មាំងស្លាប់ជាច្រើន។ មេទ័ពត្រើយខាងលិចព្រួតគ្នាចូលទៅប្រយុទ្ធនឹងព្រះស្តេចកនទៀត តែស្តេចកនខំបរពលវាយទំលាយ តែពុំរួចក៏ថយទ័ព និងគ្រប់គ្រួចូលទៅក្នុងបន្ទាយស្រីសឈរវិញ ហើយឱ្យបិទទ្វារបន្ទាយឱ្យរេហ៍ពលឡើងរក្សាបន្ទាយជាមាំមួន។ ឯស្នាព្រះអង្គជាក្មួយព្រះស្តេចកន ឃុំពល ៥០០ នាក់នៅក្រៅបន្ទាយលុះឃើញព្រះស្តេចកនជាប់ចំណងហើយ នាំពល ៥០០ នាក់នោះវាយជ្រែកចូលទៅក៏ពុំបានទើបស្នា ព្រះអង្គជិះសេះបរជាប្រញាប់ទៅជំរាបសម្តេចចៅហ្វាកៅនៅបន្ទាយពិជ័យព្រៃនគរតាមហេតុគ្រប់ប្រការ។ សម្តេចៅហ្វាកៅ លុះបានដឹងហើយក៏និយាយនិងសម្តេចចៅពញាហែង ជាបិតាក្មេកស្តេចកន និងឧកញ៉ាចក្រីជាមាព្រះស្តេចកនពញាស្នងធ្នឹមព្រះនគរជាលន់ ជាប្អូនថ្លៃព្រះស្តេចកនថាឱ្យទៅត្រួតបន្ទាយឱ្យមាំមួនកុំឱ្យធ្វេសប្រហែស។ កាលមន្ត្រីទាំង ៣ នាយទទួលពាក្យហើយសម្តេចចៅហ្វាកៅ ក៏ឡើងជិះសេះនាំពល ៥០០០០ នាក់លើកស្រូតទៅជួយព្រះស្តេចកន។ លុះឃើញទ័ពខាងលិចកំពុងចោម បន្ទាយដូច្នោះ ក៏បរពលវាយជ្រែកចូលទៅ។ សម្តេចព្រះស្រីជេដ្ឋាព្រះស្តេចកននៅលើក្បាលបន្ទាយឃើញ មានកងទ័ពវាយចូលមកអរណាស់ក៏នាំចៅពញាវៀង ចៅពញាវាំង ចៅពញាស្រាល ចៅពញាលំពាំង វាយជ្រែកចំណោមចេញទៅតែវាយបាន៣ថ្ងៃហើយក៏នៅតែចេញពុំរួច។
ឯសម្តេចព្រះឧត្តម បរមខត្តិយាមហាចន្ទរាជាធិរាជ ព្រះអង្គលើកទ័ពចេញទៅដល់ភូមិស្វាយឫស្សីស្រុក ហើយទ្រង់ជ្រាបថាមេទ័ពទាំងបីចោមបន្ទាយព្រះស្តេចកន៣ថ្ងៃហើយពុំបែក ចាប់ខ្លួនពុំបាន ពុំទាន់ឈ្នះចាញ់ទើបទ្រង់ត្រាស់ប្រើសម្តេចចៅហ្វាទឡៈឱ្យលើកទ័ពទៅជួយថែមទៀត ហើយព្រះអង្គលើកទ័ពទៅតាំងបន្ទាយឈប់ទ័ពនៅទន្លេបិទខែត្រត្បូងឃ្មុំ។ ស្រេចហើយទ្រង់ចាត់ឧកញ៉ាមហាមន្ត្រីឱ្យឃុំពល ១០០០០ នាក់ឱ្យលើកទ័ពចេញទៅបង្កប់ក្នុងព្រៃរំលោងប្របផ្លូវចង្អៀត ទ្រង់ផ្តាំថាបើឃើញទ័ពអាខ្មាំងលើកទៅជួយឬលើករត់ចេញពីបន្ទាយមកឱ្យលើកទ័ពទៅបោះស្កាត់ពីមុខវាចាប់វាឱ្យបានកុំឱ្យអាខ្មាំងរត់រួច។ ទ្រង់ត្រាស់បង្គាប់ព្រះសុទត្តឱ្យឃុំពលកាំភ្លើងតូច២៥០នាក់ឱ្យទៅបង្កប់ចាំមើលឃើញកងទ័ពខ្មាំងចុះចូលក្នុងផ្លូវរំលោង ហើយទ្រង់ផ្តាំថាឱ្យព្រួតគ្នាបាញ់កុំឱ្យអាខ្មាំងរត់រួច ទើបទ្រង់ត្រាស់បង្គាប់ឱ្យឧកញ៉ាមហាទេពឱ្យឃុំពល៤០០នាក់ទៅពួនចាំមើលលើភ្នំពានជាំងថា បើឃើញខ្មាំងសត្រូវចូលមកដល់ឱ្យព្រួតគ្នាបាញ់កាំភ្លើងធំនឹងព្រួតគ្នាប្រមៀលដុំថ្មទំលាក់ឱ្យត្រូវពួកខ្មាំងចាប់ខ្មាំងឱ្យបាន។
មេកងទាំងបីក៏ថ្វាយបង្គំលាធ្វើតាមត្រាស់បង្គាប់។ ចៅពញាតេជោមេទ័ពខាងលិចយល់ទ័ពខ្មាំងវាយផ្ទប់ទាំងសងខាងនឹងទ្រាំទៅមុខមិនបាន ទើបស្រែកឱ្យពលបើកផ្លូវឱ្យខ្មាំងចេញទៅ។ ឯព្រះស្តេចកនយល់ឃើញដូច្នោះហើយក៏នាំរេហ៍ពលចេញពីបន្ទាយទៅទំលាយទ័ពដែលព័ទ្ធចេញទៅបាន។ ក្នុងគ្រានោះ មេទ័ពទាំងបីកងក៏ដេញពលសត្រូវចាក់កាប់សំលាប់ពលខ្មាំងសត្រូវអស់ជាង ១០០០០ នាក់។ ស្តេចកន និងចៅហ្វាកៅខំបរពលស្រូតរូតឆ្លងទន្លេតូចទៅតាមផ្លូវមេសព្រះចន្ទកាត់តំរង់ទៅក្រុងពិជ័យព្រៃនគរ។
ពេលនោះសម្តេចចៅពញាបែន មេទ័ពខាងលិចលើកទៅប្រទះនឹងទ័ពខាងកើតដែលបែកខ្ចាត់ខ្ចាយដូច្នោះ ក៏បរពលឱ្យចូលកាប់ចាក់សត្រូវអស់ជាច្រើន ហើយសម្តេចបែនជិះសេះរាំដាវបរដេញទៅទាន់សម្តេចចៅហ្វាកៅ។
សម្តេចចៅហ្វាកៅឱ្យព្រះស្តេចកនបរសេះរត់ទៅមុន ឯចៅហ្វាកៅបែរមកប្រកាប់ប្រចាក់គ្នាមួយស្របក់ តែទទួលជាពេលនោះ សេះសម្តេចចៅពញាបែនស្រុតជើងក្នុងអន្លង់សម្តេចបែនក៏ធ្លាក់អាវុធពីដៃ ដូច្នេះសម្តេចចៅហ្វាកៅយល់បានការហើយក៏ពួយមួយលំពែងទៅត្រូវសម្តេចពញាបែន ធ្លាក់ពីសេះស្លាប់មួយរំពេច។ ឯមេទ័ពខាងលិចទាំងបីកងលើកទៅដល់ក៏បរពលចូលច្បាំង។ សម្តេចចៅ ហ្វាកៅឃើញទ័ពខាងលិចច្រើនលើសលប់កំលាំងក៏បរសេះរត់ទៅតាមព្រះស្តេចកនកំពុងរត់ក្នុងផ្លូវរំលោង លុះឃើញសម្តេចចៅហ្វាកៅមកដល់ហើយក៏នាំស្រូតទៅ។ រំពេចនោះឧកញ៉ាមហាមន្ត្រីយល់ទ័ពខ្មាំង នៅក្នុងរំលោង ហើយក៏បរពលស្កាត់ស្ទាក់ពីមុខភ្លាម។ ទ័ពខ្មាំងនឹងវាយទំលាយទៅក៏ពុំរួចនឹងងាកឆ្វេង ស្តាំក៏ពុំបាន ព្រោះទើសច្រាំងខ្ពស់ណាស់ និងថយក្រោយក៏ពុំបានឡើយ ហើយកងទ័ពពីក្រោយក៏ដេញ មកដែរ។ ឃុនហ្លួងព្រះស្តេចកនភ័យណាស់ ទើបប្រឹក្សានិងសម្តេចចៅហ្វាកៅថា យើងម្តងនេះនឹងរត់ទៅខាងណាក៏ពុំបាន ព្រោះសងខាងមានច្រាំងខណ្ឌខាងមុខមានគេបោះស្កាត់ខាងក្រោយទ័ពគេដេញនឹងជ្រែកទៅខាងណាក៏ពុំរួចដែរ យើងមុខជាស្លាប់នៅទីនេះពុំខាន។ និយាយរួចហើយ ហើយស្តេចកនក៏ក្រាបយំលើខ្នងសេះ។ សម្តេចកៅយល់ដូច្នោះហើយក៏ចាប់ដៃទាញឡើងហើយថាបើមាស្លាប់ សុំក្មួយស្លាប់ តាម។ បើមាមានជីវិតរស់ទេ ក្មួយនឹងភ័យខ្លាចវាថ្វីថាហើយចៅហ្វាកៅក៏បោលសេះទំលាយចេញទៅ។ ឯព្រះសុទ្តយល់ទ័ពខ្មាំងជាប់ចំណោមហើយក៏បរពលកាំភ្លើង ២៥០ នាក់ទៅឈរបាញ់ពីមាត់ច្រាំង ត្រូវពលខ្មាំងស្លាប់ជាច្រើនណាស់។ សម្តេចកៅយល់ដូច្នោះហើយក៏ស្រែកប្រកាសថា បើយើងមិនខំប្រឹងគង់នឹងស្លាប់គ្រាប់កាំភ្លើងគេទាំងអស់ជាមិនខាន យើងស៊ូចូលទៅប្រកាប់ បើស្លាប់នឹងប្រយុទ្ធគេយើងក៏មានកេរ្តិ៍ឈ្មោះដែរ បើរស់យើងក៏រស់បានរួចទៅដល់បន្ទាយជួបប្រពន្ធកូនជាមិនខាន។ ឯអស់ពួកខ្មាំងស្តាប់ ឮអស់ហើយក៏ចូលចិត្តពួតដៃគ្នាចូលវាយទំលាយទ័ពមុខត្រាតែរួចចេញមកនៅសល់តែមនុស្ស ៥០០០ នាក់ក្រៅពីនោះស្លាប់អស់។
កងទ័ពទាំងនោះក៏ខំស្រូតរូតរត់ទៅដល់ច្រកចង្អៀតផ្លូវភ្នំពានជាំង អស់កំលាំងណាស់ក៏នាំគ្នាឈប់ដាំបាយស៊ី។ ឧកញ៉ាមហាទេពឃើញហើយក៏ប្រមៀលដុំថ្មបាញ់ កាំភ្លើង ធ្នូ ស្នាត្រូវពួកស្តេចកនស្លាប់ជាច្រើននាក់ទៀត។
ព្រះស្តេចកន និងចៅហ្វាកៅព្រមទាំងពលទាហាន ៥០០០ នាក់នាំគ្នារត់ទៅទៀត។ ឧកញ៉ាមហាទេពដេញតាមទៅឃើញច្រកចង្អៀតណាស់ក្រែងចាញ់កលឧបាយសត្រូវក៏វាយស្គរហៅពលថយមកជួបនឹងកងទ័ព ទាំង៥កងវិញហើយនាំគ្នាទៅក្រាបបង្គំទូលសម្តេចបរមខត្តិយាមហាចន្ទរាជា សូមទ្រង់ជ្រាបគ្រប់ប្រការ។
វេលានោះឧកញ៉ាចក្រីកែវ ចៅពញាសួគ៌ាលោកសុខ កូនពញាមឿងយកសេចក្តីក្រាបទូលពលយើង សម្តេចព្រះបរមបពិត្រជាអម្ចាស់ទ្រង់ឱ្យបន្ថយអស់ទៅហើយ បើយើងនឹងទៅកេណ្ឌថែមទៀត ក្រែងពុំទាន់ តែកាលបិតាទូលព្រះបង្គំលោតអន្លង់សំលាប់ខ្លួនទៅកេណ្ឌទ័ពបិសាចឱ្យជួយធ្វើការនោះបានផ្តាំទុកនឹងចៅពញាចាន់ មេស្មឹងជាភឿនថា បើម្ចាស់ផែនដីមានសេចក្តីទ័លធុរៈដូចម្តេច កុំឱ្យស្តេចមានបន្ទូលផ្ទាល់ថាឱ្យមេស្មឹងនិយាយឆ្លងព្រះបន្ទូលលោកនឹងកេណ្ឌទ័ពបិសាចមកជួយឱ្យបានសំរេច។ ឥឡូវ ការណ៍យើងក៏ប្រទាលខ្លួនណាស់ហើយ គួរយើងធ្វើតាមបណ្តាំនោះល្បងមើល សម្តេចព្រះភាគិ នេយ្យោយសរាជា ជាកែវនាយកទ្រង់ជ្រាបហើយ ទ្រង់ត្រាស់ឱ្យចៅពញាចាន់ មេស្មឹង ចូលមកត្រាស់ ប្រាប់ដូនកូនពញាមឿងពីរនាក់យកសេចក្តីក្រាបបង្គំទូល។ ខណៈនោះ ពញាចាន់មេស្មឹង ទទួលព្រះបន្ទូល ពិសេសហើយក៏ឱ្យធ្វើរោងរាជវ័តិ និងឆត្រ គ្រឿងសក្ការៈបូជា ស្លៀកសស្រេចហើយ ក៏ចូលទៅក្នុងរោង រាជពិធីឧទ្ទិសដល់ខ្មោចពញាមឿងថាសុំឱ្យពញាជួយឱ្យបានសំរេចដូចជួយការណ៍ក្នុងខែត្រពោធិ៍សាត់។ ក្នុងគ្រានោះបិសាចពញាមឿងចូលសណ្ឋិតនឹងមេស្មឹង ហើយប្រាប់កូនទាំងពីរថា ឱ្យយកចំបើងចងជារូបមនុស្សឱ្យកាន់ប្រឆេះឱ្យពួកពលចេះតែតាំងហ៊ោបាញ់កាំភ្លើងពីចំងាយទៅ សុំយើងកេណ្ឌទ័ពបិសាចទៅជួយឱ្យសំរេច។ វេលានោះកូនពញាមឿងទាំងពីរនាក់ លុះដល់ពេលយប់ហើយឱ្យរេហ៍ពលយកចំបើងចងជារូបមនុស្សរួចចងប្រឆេះនៅរូបចំបើងនោះ យកទៅដាក់នៅក្បាលត្រោកជុំវិញបន្ទាយព្រះស្តេចកន។ ឯបិសាចពញាមឿងក៏កេណ្ឌឱ្យតាំងហ៊ោបីដូចគេប្លន់យកបន្ទាយ។ ទ័ពស្តេចកនឮហើយ ក៏តាំងតែបាញ់កាំភ្លើង ធ្នូ ស្នា ចោលដុំថ្មពីក្នុងបន្ទាយមកជាច្រើនរាត្រី។ (នេះមិនគួរជាបិសាចប្រាកដជាក្បួនពិជ័យសង្គ្រាមរបស់ហ្លួងខាងលិចហើយ) សម្តេចចៅហ្វាកៅធ្វើតែដូច្នោះ ១៥ រាត្រី។ កងទ័ពក្នុងបន្ទាយបាញ់អស់ព្រួញ ធ្នូ ស្នា និងជិតអស់ទាំងគ្រាប់រំសេវ លុះដល់យប់គំរប់១៥នោះ ស្រាប់តែឮតាំងហ៊ោទូងស្គរក្រោមដី និងលើអាកាសដូចរន្ទះ កក្រើកទាំងព្រះធរណី ធូលីក៏បក់បោកចូលភ្នែក។ អស់សេនាទាហានទ្រាំពុំបានក៏បើកទ្វារបន្ទាយខាងកើត ហើយរត់ទៅទិស អាគ្នេយ៍ប៉ងទៅខែត្ររោងដំរីដើម្បីទៅពឹងប្រទេសចាមឱ្យជួយ។ កងទ័ពបិសាចបណ្តាលអាត្មាឱ្យឃើញ កងទ័ពឈរតាំងហ៊ោតាមផ្លូវថ្នល់ដល់ទៅខែត្ររោងដំរីនោះ។
ឯព្រះស្តេចកន សម្តេចចៅហ្វាកៅ ចក្រី និងស្នងធ្នឹមព្រះនគរ “ជាលន់” នាំអ្នកម្នាង “ជាលែង” រត់ចេញ តាមទ្វារប៉មទិសឦសានដើម្បីទៅទិសខាងជើងកាត់ស្រុកលាវ។ លុះទៅដល់ព្រៃមួយអន្លើឱ្យបោះទ័ព បង្អង់នៅទីនោះ យូរទៅជាប់ឈ្មោះបង្អង់យារៗមកហៅហូរជើងវាំង។ ទីនោះជាព្រៃគគីរមានដើមគគីរជាច្រើន ព្រះស្តេចកនឃើញដើមគគីរមួយធំក្រៃលែងឱ្យបាំងស្រមោលវាស់លមើល ឃើញ ២៤ ព្យាម សំណុំ៩ព្យាម ទើបព្រះស្តេចកនប្រឹក្សានឹងអស់មន្ត្រីនាយកងទ័ពថា ចៅពញាចន្ទរាជាមានទូកសារាយអណ្តែតវែងតែ១៨ព្យាម ទើបព្រះស្តេចកននិងអស់មន្ត្រីនាយកងទ័ពថា ចៅពញាចន្ទរាជាមាន ទូកសារាយអណ្តែតវែងតែ១៨ព្យាម។ ដូច្នោះគួរយើងឱ្យកាប់ដើមគគីរធ្វើទូកឱ្យបានជាស្រេច ហើយនឹងឱ្យ រាជសារទៅបបួលចៅពញាចន្ទរាជាអុំភ្នាល់ដាក់ព្រះនគរ។ បើមិនភ្នាល់ យើងនឹងឱ្យរេហ៍ពលតាំងហ៊ោ ចំអកចំអន់ឱ្យឈឺចិត្ត។ បើហ៊ានអុំភ្នាល់ ទូកយើងវែងជាងដល់ទៅ៧ព្យាមនោះ គង់មានជ័យ ជំនះដោយងាយបាន។
ពញាមន្ត្រីអ៌ជុនចាប់បានស្ដេចកន
ព.ស២០៦៩ គ.ស ១៥២៥. ម.ស ១៤៤៧. ច.ស ៨៨៧ ឆ្នាំរកាសប្តស័ក សម្តេចព្រះស្រីជេដ្ឋា គឺព្រះស្តេចកនបានចាក់ចោលគ្រាប់រំសេវ ហើយក៏នាំរេហ៍ពលមកដល់វត្តគរដែលព្រះនាងផាលែង សាងនោះ។ នៅទីនោះស្តេចកនឱ្យរេហ៍ពលជីកស្រះមួយនៅផ្នែកកើតព្រះវិហារទុកជាទីសំរាប់វត្ត។ ក្រោយមកស្តេចកននាំរេហ៍ពលទៅទិសខាងជើងដល់វត្តមួយដែលសម្តេចចៅពញាហែង បិតាព្រះម្នាង ផាលែងសាងនោះឱ្យឈ្មោះជាប់នឹងវត្តដែលសាងនោះហៅថា វត្តគរការទួលតាហែង តាមនាមសម្តេច ហែង។ រួចចេញទៅខាងលិចភូមិព្រះអង្គឱ្យជីកស្រះមួយ បណ្តោយប្រវែង៥០ព្យាម ទទឹង២៥ព្យាម ហើយ សាងវត្តមួយសាងព្រះពុទ្ធរូប និងដើមរកា៥ព្រះអង្គបានដាក់ឈ្មោះហៅថា វត្តភូមិរកាព្រះប្រាំរៀងមក។ ឯពញាមន្ត្រីអរជូនកែ មេគយទទួលដំណឹងនេះហើយ ក៏កេណ្ឌពលចោមចាប់បាននាងផាលែននិងស្តេចកន។ ស្តេចកនស្រែករោទិ៍ជាខ្លាំងហើយថា “អញមិនគួរជាឱ្យគេចាប់បានសោះ”។
ឯពញាមន្ត្រីអរជូនកែជាមេគយ កាលចាប់ដាក់ក្តីស្តេចកន និងនាងផាលែន បានហើយគិតថា បើអញនាំទៅទាំងរស់សម្តេចព្រះភាគិនេយ្យោយសរាជានោះ ត្រូវជាក្មួយស្តេចកនផង កាលណានឹងហ៊ានសំលាប់ស្តេចកនត្រូវជាឪពុកមា។ បើអញពុំហ៊ានសំលាប់ ហើយតែកាលណាស្តេចលែងខ្លួនវាចិញ្ចឹមវាឱ្យធំមុខជាងយើងនឹងស្លាប់ទាំងអស់គ្នាវិញពុំខាន។ លុះគិតយល់ព្រមគ្នាវិញហើយអរជូន “កែ” ក៏កាត់យកក្បាលស្តេចកន និងនាងលែនដាក់ជាលព្រមទាំងឱ្យប្រហារជីវិតទាំងអស់ស្ម័គ្រពួក២៥នាក់ទៀត។ ឯព្រៃដែលគេចោមចាប់ ស្តេចកននោះ សព្វថ្ងៃគេហៅថា ព្រៃចំណោម ហើយត្រង់កន្លែងដែលស្តេចកនស្រែករោទិ៍នោះ សព្វថ្ងៃ គេហៅថាព្រៃទំរនរោទិ៍ យារៗមកគេហៅថាព្រៃរោទិ៍។ ត្រង់កន្លែងដែលថា មិនគួរចាប់បាននោះ គេហៅថាព្រៃមិនគួរយារៗមកគេហៅថា ព្រៃជើងគួរ។
ការឡោមព័ទ្ធបន្ទាយស្រឡប់ដូនតីពិជ័យព្រៃនគរ
ឯសម្តេចព្រះភាគិនេយ្យាយសរាជាជាកែវនាយកព្រះអង្គមានកងទ័ព ៤០០០ នាក់ឯខាងស្តេចកនមាន កងទ័ពដល់ទៅ ៧ ស្បែក គឺ ១៤០០០០ នាក់ (១ ស្បែកត្រូវនឹង ២០០០០ នាក់)។ ស្តេចនឹងលើកវាយបន្ទាយនោះ ពលតិចក្រែងថ្លស់ការណ៍ ដ្បិតបន្ទាយនោះធំណាស់ ហើយខ្ពស់ផង ទាំងរេហ៍ពលក៏ច្រើនណាស់ទៀត។ ព្រះអង្គឱ្យរេហ៍ពលជញ្ជូន តែរូបចំបើង និងប្រឆេះទៅអុជតាំងហ៊ោនៅក្បាលត្រោករាល់ៗយប់។ ទាហានក្នុងបន្ទាយជ័យព្រៃនគរ ក៏បាញ់កាំភ្លើង ធ្នូ ស្នា តគ្នាយូរមកទៀត ស្រាប់តែបាត់ពុំឃើញមានឮសូរកាំភ្លើងបាញ់ចេញពីក្នុងបន្ទាយទាំងចៅពញាតេជោ ពញាសួគ៌ា លោកក៏នាំក្បាលចៅហ្វាកៅ និងចក្រីនី ហើយនិងក្បាល ចៅពញាវៀង ចៅពញាវាំង មកថ្វាយចំណែកឧកញ៉ាចក្រី “ទេព” កូន ពញាមឿងក៏ក្រាបទូលថា ក្នុងដប់យប់នោះ ពុំមានទ័ពខ្មាំងបាញ់តមកពីក្នុងបន្ទាយទេ គឺឃើញតែមនុស្សរត់ចេញពីក្នុងបន្ទាយទាំងយប់ទាំងថ្ងៃពុំដែលដាច់។ ខណៈនោះ សម្តេចចៅពញាយសរាជាភាគិនេយ្យាជាកែវនាយកទ្រង់ជ្រាបហើយមានព្រះបន្ទូលប្រឹក្សា នឹងនាយកងទ័ពថា អ្នករាល់គ្នាចំពោះការនេះយល់ដូចម្តេចខ្លះ? មេកងខ្លះទូលថា ការណ៍នេះគឺថា ព្រះស្តេច កនធ្វើឧបាយកលឱ្យយើងទៅឱ្យស៊ុនខ្លួនដើម្បីគេចោមព័ទ្ធយើង។ ខ្លះថា ព្រះស្តេចកនវា ឃើញកងទ័ព យើងតិចបានជាវាបន្ថយកងទ័ពខ្លះចេញ។ ក្នុងវេលាកំពុងជំនុំគ្នានោះ បណ្តាលឱ្យព្រះទ័យនៃព្រះអរិយបញ្ញាសាគរអាប៉ៅចៅអធិការដែលរក្សាវត្តប្រាសាទក្នុងឱ្យយល់ថា អាត្មាអញនឹងនៅបង្អង់ពុំថ្វាយ ព័ត៌មានទៅហ្លួងខាងលិចទេ តែហ្លួងខាងលិចចូលនគរបានហ្លួងនឹងយកទោសដល់អាត្មាអញជាពុំខាន។ គិតយល់ដូច្នោះហើយ ព្រះអង្គឡើងគង់លើគ្រែឱ្យរេហ៍ពលសែងបាំង សម្បទានមានពលហែរមុខក្រោយ ៥០០ នាក់ និងភិក្ខុសាមណេរ ១៦០ អង្គហែសម្តេចព្រះអរិយបញ្ញាសាគរអាប៉ោ ចេញពីបន្ទាយពិជ័យ ព្រៃនគរតំរង់ទៅបន្ទាយក្តុល។ លុះទៅដល់ហើយលោកឱ្យភិក្ខុជាសិស្សានុសិស្ស ទៅប្តឹងសេនាបតី ក្រាបបង្គំទូលសម្តេចយសរាជាជាកែវនាយក។ ទ្រង់ជ្រាបហើយ ទ្រង់ត្រាស់ឱ្យនិមន្តលោកចូលទៅក្នុងព្រះពន្លាទើបសម្តេចព្រះអរិយបញ្ញាសាគរអាប៉ោ ថ្វាយព្រះពរថា ស្តេចកនបែកបន្ទាយរត់ចោល បន្ទាយទៅ៣ខែហើយដោយភ័យនឹងសូរសព្ទ សន្ធឹកខាងក្រោមដី លើអាកាស ដាស់ព្រះធរណី ដូចជា រន្ទះជាអចិន្ត្រៃយ៍។ ហេតុនេះអាត្មាភាពមកថ្វាយព្រះពរសូមទ្រង់ជ្រាប។ សម្តេចព្រះយសរាជាជាកែវនាយក ទ្រង់ព្រះអំណរណាស់ហើយទ្រង់ត្រាស់ថាឧកញ៉ាចក្រី ចៅពញាសួគ៌ាលោក ក្រាបទូលនេះ ឃើញថាពិតណាស់។ ត្រាស់តែម៉្លោះហើយ ព្រះអង្គក៏លើកយោធាចូលទៅប្រថាប់ក្នុងបន្ទាយពិជ័យ ព្រៃនគរ ទ្រង់ទតប្រាសាទ ព្រះរាជវាំងសួនច្បារ ផ្កាដំណាំ ព្រះដំណាក់ ឃ្លាំង និងរោងដំរី សេះទាំង ប៉ុន្មានទ្រង់ស្ញើចទន់ព្រះហប្ញទ័យទ្រង់ត្រាស់សរសើរថា ព្រះស្តេចកននេះមានបុណ្យអស្ចារ្យណាស់ ហើយ ត្រាស់ឱ្យរឹបរើយករបស់ទ្រព្យទាំងនោះចាត់បំរើឱ្យនាំទៅក្រាបទូលថ្វាយព្រះបរមរាជបិតុលា ឯបន្ទាយខែត្រពោធិ៍សាត់ ហើយសម្តេចព្រះយសរាជាជាកែវនាយក ទ្រង់ប្រោសឱ្យសម្តេចព្រះអរិយបញ្ញាសាគរអាប៉ោ ឱ្យរួចទោសឱ្យគង់ទីគ្រងពលសំរាប់វត្តដូចដើម។ ទ្រង់ចាត់នាយកកងទ័ពឱ្យលើកតាមចាប់ព្រះស្តេចកនឱ្យបានហើយត្រាស់ឱ្យដាក់គយល្បាតស្ទាក់រកចាប់គ្រប់អន្លើ។
ឯពញាមន្ត្រីអរជូន លុះធ្វើគុតស្តេចកន និងនាងផាលែន ព្រមទាំងសេនាទាហាន២៥នាក់រួចហើយ ក៏ឱ្យ ធ្វើជាលដាក់ក្បាលទាំងអស់នាំយកទៅថ្វាយសម្តេចព្រះភាគិនេយ្យាកែវនាយកក្នុងបន្ទាយពិជ័យព្រៃនគរ។
ឯសម្តេចព្រះយសរាជាជាកែវនាយកព្រះអង្គស្គាល់ហើយ ឱ្យយកក្បាល ស្តេចកន និងម្នាងផាលែន ធ្វើបុណ្យបូជាព្រះភ្លើងសាងព្រះចេតិយ ដាក់ក្នុងវត្តប្រាសាទដោយហេតុជាប់សាច់សាលោហិតខាង ព្រះអង្គ ហើយទ្រង់ប្រោសលើកទោសអស់អាណាប្រជានុរាស្ត្រ ដែលចូលក្បត់ជាមួយនឹងស្តេចកន ទាំងប៉ុន្មានៗនោះ ឱ្យរួចទោសទៅរកស៊ីដូចប្រក្រតី។
បណ្តារាស្ត្រផងទាំងពួង ក៏មានចិត្តត្រេកអរសោមនស្សនាំគោ ក្របី ដំរី សេះរបស់ខ្លួន យកមកក្រោប ទូលថ្វាយដោយស្រលាញ់ព្រះរាជហប្ញទ័យបុណ្យបារមីជាអនេក។ ឯពញាមន្ត្រីអរជូនកែដែលមានគុណបំណាច់កាត់ក្បាល ស្តេចកន នាងផាលែននោះ ទ្រង់តាំងចៅហ្វាយស្រុកខេត្តត្បូងឃ្មុំថែមជាថ្មីទៀតជាចៅពញាអរជូនចាប់បាន។
ការបូជាព្រះស្ដេចកន និង អ្នកព្រះម្នាង
តាមរយៈពង្សាវតារវត្តទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល បានសរសេរកត់ត្រាយ៉ាងច្បាស់ថា៖ សម្ដេចព្រះយសរាជា ជាកែវនាយក ព្រះអង្គយល់ឃើញហើយឲ្យយកក្បាលព្រះស្ដេចកន និងអ្នកម្នាងជាលែងធ្វើបុណ្យបូជាព្រះភ្លើង សាងព្រះចេតិយដាក់ក្នុងវត្តប្រាសាទព្រៃនគរក្នុងដោយហេតុជាប់សាច់ សាលោហិតខាងព្រះអង្គ ។
ម្យ៉ាងវិញទៀត ក៏ស័ក្តិសមដែរ ដែលព្រះអដ្ឋិធាតុព្រះស្រីជេដ្ឋាព្រះស្ដេចកន និងអ្នកម្នាងជាលែងត្រូវបានយកទីបញ្ចុះក្នុងប្រាសាទនោះលើខឿនតែ មួយជាមួយនឹងព្រះវិហារ ពីព្រោះព្រះអង្គជាអ្នកមានបុណ្យ ជាព្រះមហាក្សត្រមួយអង្គរបស់ប្រទេសខ្មែរ ទោះបីជាព្រះអង្គកើតចេញពីគ្រួសារអ្នកក្រីក្រជាពលរតនត្រ័យក៏ដោយ។
ប្រហែលជាក្នុងន័យដូចនេះហើយ ទើបបានជាខ្មែរអ្នកភូមិព្រៃនគរក្នុងបានហៅប្រាសាទខាងត្បូងថា ប្រាសាទស្រីគ្រប់លក្ខណ៍ជារៀងរហូតមកពីជំនាន់មួយទៅជំនាន់មួយដោយមិនដឹងខ្លួនថាកំពុងតែគោរពបូជាអ្នកម្នាងជីលែងដែលគេចាត់ទុកជាស្រីគ្រប់លក្ខណ៍។ ឯកសារវត្តទឹកវិលបានបញ្ជាក់អំពីអព្ភូតហេតុជាច្រើនដែលជាប់ទាក់ទងនឹងអ្នកម្នាងក្នុងពេលរត់ភៀសខ្លួនក្រោយបែកបន្ទាយស្រឡប់ដូនតីពីជ័យព្រៃនគរ។
សុគត
"សាស្ត្រាដទៃទៀត ក៏និយាយថា: ស្ដេចកន បរាជ័យដោយសារចាញ់សង្គ្រាមរបស់ព្រះអង្គចន្ទរាជា ប៉ុន្តែជាឧបាយកលប្លែកពីខាងលើនេះទៅទៀត"។
ឯសម្ដេចព្រះភាគិនេយ្យយសរាជាជាកែវនាយកនោះ ព្រះអង្គប្រាប់ប្រាម សឹកសង្គ្រាមបានរាបទាបសព្វគ្រប់ហើយ ព្រះអង្គតាំងចៅហ្វាយស្រុកឱ្យនៅរក្សាខែត្រខណ្ឌព័ទ្ធសីមាស្រេច ស្ដេចត្រឡប់ទ័ពទៅក្រាបបង្គំគាល់ ព្រះបរមរាជបិតុលាធិរាជ។ ព្រះបរមរាជបិតុលា ទ្រង់ជ្រាបហើយ ទ្រង់ព្រះអំណរណាស់ទ្រង់ព្រះរាជទានរង្វាន់ សម្ដេចព្រះភាគិនេយ្យ តាមមានគុណបំណាច់។ ឯសម្ដេចព្រះភាគិនេយ្យ យសរាជាព្រះអង្គមានព្រះរាជបុត្រាមួយព្រះអង្គ ព្រះនាមព្រះជ័យជេដ្ឋាក្នុងឆ្នាំនោះ ព្រះអង្គមានព្រះជន្មវស្សា ២៩ ឆ្នាំ ទ្រង់ព្រះអាពាធ សុវណ្ណគតតទៅ។
"ព្រះរាជពង្សាវតារភាគបីរបស់ព្រះរាជបណ្ណាល័យថា : ព្រះភាគិនេយ្យនេះមានព្រះជន្មាយុ ៣៣ ឆ្នាំ មានព្រះរាជបុត្រីមួយព្រះអង្គ ទ្រង់ព្រះនាមជា សុជាតិក្សត្រី ទ្រង់សុគតក្នុងឆ្នាំកុរ នព្វស័ក ព.ស. ២០៧១, គ.ស. ១៥២៧។ ចំណែកឯសាស្ត្រាវត្តសិទ្ធបូរ និង វត្តកោកកាក មិនបាននិយាយដល់ ព្រះអង្គយសរាជានេះទេ។
ប៉ុន្តែមានសៀវភៅមួយទៀត របស់លោកតាឌុច លោកយាយពិន ដែលជាបិតា មាតា លោកឌុច-ស៊ីឌឹម និយាយថា : ព្រះយសរាជា ស្ដេចសុវណ្ណគតក្នុងសង្គ្រាមក្នុងពេលដែលព្រះអង្គស្ទាក់វាយចៅហ៊្វាកៅ"។
សម្ដេចព្រះរាជបិតុលា ស្ដេចទ្រង់ស្ដាយពន់ប្រមាណណាស់ ទ្រង់ត្រាស់ឱ្យលើកព្រះសពតំកល់ក្នុងព្រះកោដ្ឋ ហើយទ្រង់ត្រាស់បង្គាប់ឱ្យមុខងារ ឱ្យទៅអញ្ជើញព្រះសពសម្ដេចតំកល់ក្នុងព្រះកោដ្ឋហើយទ្រង់ត្រាស់បង្គាប់ឱ្យមុខងារឱ្យទៅអញ្ជើញព្រះសពសម្ដេចព្រះឝ្រីឝៅគន្ធបទ អំពីស្រុកសំរោងសែន ខេត្តអាសន្ទុកមកហើយ ទ្រង់ត្រាស់ឱ្យសាងព្រះមេរុថ្វាយព្រះភ្លើងរំលាយព្រះបរមសពតាមរាជប្រវេណី។
ឯកសារយោង
យសស័ក្ដិខ្មែរ | ||
---|---|---|
មុនដោយ មិនស្គាល់ | កែវនាយកនៃក្រុងមានជ័យ សតវត្សទី១៦-១៥២៧ | តដោយ មិនស្គាល់ |
- ↑ "ឈូកខ្មែរ". Archived from the original on 2015-01-01. Retrieved 2015-07-15.